តាក់តែងដោយក្រុមការងារស្រាវជ្រាវនៃការិយាល័យស្រាវជ្រាវ ផ្សព្វផ្សាយ និងបណ្តុះបណ្តាល
I. និយមន័យនិងប្រភេទនៃសិទ្ធិអ្នកនិពន្ធ
សិទ្ធិអ្នកនិពន្ធ ជាសិទ្ធិក្នុងការទទួលបាននូវកិច្ចការពារស្របច្បាប់លើស្នាដៃរបស់ខ្លួន ដែលត្រូវបានបង្កើតឡើងដោយបញ្ញាស្មារតី និងមនោសញ្ចេតនារបស់ម្ចាស់ស្នាដៃ។ ជាទូទៅ សិទ្ធិអ្នកនិពន្ធរួមមាន សិទ្ធិក្នុងការចម្លង សិទ្ធិក្នុងការបោះពុម្ពផ្សាយ សិទ្ធិក្នុងការបកប្រែ សិទ្ធិក្នុងការកែសម្រួល និងផ្លាស់ប្តូរស្នាដៃ សិទ្ធិក្នុងការចែកចាយ ជាដើម។ សិទ្ធិអ្នកនិពន្ធត្រូវបានចែកចេញជា២ប្រភេទធំៗ គឺសិទ្ធិបេតិកភណ្ឌ និងសិទ្ធិសីលធម៌ ។
II. សិទ្ធិអ្នកនិពន្ធ—សិទ្ធិបេតិកភណ្ឌ
- និយមន័យ និងប្រភេទ
សិទ្ធិបេតិកភណ្ឌ ជាសិទ្ធិប្រកបអាជីវកម្មរបស់អ្នកនិពន្ធលើ ទ្រព្យជាស្នាដៃរបស់ខ្លួនតាមរយៈការផលិតឡើងវិញ ការផ្សព្វផ្សាយជាសាធារណៈ និងការបង្កើតស្នាដៃបន្ត។ សិទ្ធិបេតិកភណ្ឌត្រូវបានការពារចាប់តាំងពីថ្ងៃដែលបានបង្កើតស្នាដៃ។ រយៈពេលនៃកិច្ចការពារសិទ្ធិនេះត្រូវបានការពារពេញមួយជីវិតរបស់អ្នកនិពន្ធ និងបន្តរយៈពេល ៥០ឆ្នាំ ទៀតបន្ទាប់ពីមរណភាពរបស់អ្នកនិពន្ធ។ សិទ្ធិបេតិកភណ្ឌ រួមមាន៖
- សិទ្ធិបកប្រែជាភាសាបរទេសនូវស្នាដៃរបស់ខ្លួន
- សិទ្ធិយកលំនាំតាម ឬការកែសម្រួលផ្សេងៗទៀតនៃស្នាដៃ
- សិទ្ធិជួលស្នាដៃច្បាប់ដើម ឬច្បាប់ចម្លងស្នាដៃ សោតទស្សន៍ ឬស្នាដៃថត បញ្ចូលជាហ្វូណូក្រាម កម្មវិធីកុំព្យូទ័រ ប្រព័ន្ធទិន្នន័យ ឬស្នាដៃតូរ្យតន្ត្រីជាអក្សរភ្លេង
- សិទ្ធិចែកចាយជាសាធារណៈតាមការលក់ ការជួល ឬតាមមធ្យោបាយផ្សេងទៀតនូវច្បាប់ដើម ឬច្បាប់ចម្លងដែលពុំទាន់បានលក់ ឬផ្ទេរកម្មសិទ្ធិ
- សិទ្ធិនាំចូលក្នុងប្រទេសនូវស្នាដៃចម្លងចេញពីស្នាដៃ របស់សមីខ្លួនដែលជាអ្នកនិពន្ធ
- សិទ្ធិផលិតស្នាដៃឡើងវិញ
- សិទ្ធិសម្តែងស្នាដៃជាសាធារណៈ
- សិទ្ធិបង្ហាញស្នាដៃជាសាធារណៈ
- សិទ្ធិផ្សាយស្នាដៃតាមទូរផ្សាយ
- សិទ្ធិផ្សព្វផ្សាយស្នាដៃជាសាធារណៈតាមវិធីផ្សេងៗទៀត
- សិទ្ធិចាត់ចែងសិទ្ធិបេតិកភណ្ឌ
ជាទូទៅសិទ្ធិចាត់ចែងលើសិទ្ធិបេតិកភណ្ឌ ត្រូវបានគេធ្វើឡើងតាមរូបភាពពីរយ៉ាងគឺ ការផ្ទេរសិទ្ធិបេតិកភណ្ឌ និងការធ្វើអាជីវកម្មសិទ្ធិបេតិកភណ្ឌ។
(1) សិទ្ធិសីលធម៌
- ការផ្ទេរសិទ្ធិដោយមូលហេតុមរណភាព៖ ការគ្រប់គ្រងសិទ្ធិបេតិកភណ្ឌអាចផ្ទេរអោយទាយាទរបស់អ្នកនិពន្ធបានដោយមូលហេតុមរណភាពរបស់អ្នកនិពន្ធ ឬអាចប្រគល់ជូនតតីយជនបាន ដោយយោងតាមបទប្បញ្ញត្តិនៃមរតកសាសន៍។ ករណីគ្មានអ្នកទទួលមរតកឬគ្មានមរតកសាសន៍ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈជាអ្នកគ្រប់គ្រងសិទ្ធិនោះ។
- ការផ្ទេរសិទ្ធិតាមរយៈកិច្ចសន្យា៖ កិច្ចសន្យាណាមួយដែលទាក់ទងនឹង ការធ្វើអាជីវកម្មពីសិទ្ធិបេតិកភណ្ឌ ឬ ការផ្ទេរសិទ្ធិបេតិកភណ្ឌ ត្រូវតែធ្វើឡើងជាលាយលក្ខណ៍អក្សរ។ ប្រសិនបើកិច្ចសន្យានោះមិនត្រូវបានធ្វើជាលាយលក្ខណ៍អក្សរទេ កិច្ចសន្យានោះត្រូវចាត់ទុកថា គ្មានសុពលភាព និងមិនមានអានុភាពតាមផ្លូវច្បាប់។
(2) សិទ្ធិបេតិកភណ្ឌ
ការធ្វើអាជីវកម្មសិទ្ធិបេតិកភណ្ឌ គឺជាការប្រើប្រាស់សិទ្ធិបេតិកភណ្ឌរបស់អ្នកនិពន្ធលើស្នាដៃ ឬការអនុញ្ញាតឱ្យបុគ្គលដទៃប្រើប្រាស់សិទ្ធិនោះ ដើម្បីធ្វើការផលិត ចែកចាយ ផ្សាយ ទំនាក់ទំនងទៅសាធារណៈ ឬប្រើប្រាស់ស្នាដៃក្នុងទម្រង់ផ្សេងទៀត។ ការធ្វើអាជីវកម្មសិទ្ធិបេតិកភណ្ឌ ត្រូវបានធ្វើឡើងតាមការចុះកិច្ចសន្យាតាមលក្ខខណ្ឌដូចខាងក្រោម៖
- ចំពោះលក្ខខណ្ឌនៃកិច្ចសន្យាលើអាជីវកម្មសិទ្ធិបេតិកភណ្ឌ គឺត្រូវធ្វើជាលាយលក្ខណ៍អក្សរដោយបញ្ជាក់ដាច់ដោយឡែកពីគ្នា អំពីកម្រិតទំហំ គោលដៅ ទីកន្លែង និងរយៈពេលនៃការផ្ទេរសិទ្ធិនីមួយៗឲ្យបានច្បាស់លាស់។
- ចំពោះការផ្ទេរសិទ្ធិដើម្បីធ្វើអាជីវកម្មលើស្នាដៃរបស់អ្នកនិពន្ធ អាចផ្ទេរទាំងស្រុង ឬផ្ទេរជាភាគខ្លះបាន។ ម្ចាស់សិទ្ធិនិងទទួលបានកម្រៃ ពីការផ្ទេរសិទ្ធិនេះ អនុលោមតាមប្រការទាំងឡាយនៃកិច្ចសន្យាផ្ទេរសិទ្ធិនោះ។
- ការកម្រិតសិទ្ធិបេតិកភណ្ឌ
សិទ្ធិបេតិកភណ្ឌរបស់សិទ្ធិអ្នកនិពន្ធ ត្រូវបានរឹតត្បិតដោយអញ្ញត្រកម្មមួយចំនួន ដែលត្រូវបានបញ្ញត្តច្បាស់នៅក្នុងច្បាប់ស្ដីពីសិទ្ធិអ្នកនិពន្ធ តាមរយៈមាត្រា ២៣ ដល់មាត្រា ២៩ យើងអាចសង្កេតឃើញថាអ្នកនិពន្ធ មិនអាចធ្វើការហាមឃាត់ ចំពោះការប្រើប្រាស់ជាលក្ខណៈឯកជន ដែលធ្វើឡើងក្រោមរូបភាព៖
- ការសម្តែងស្នាដៃ ជាឯកជនដោយមិនគិតកម្រៃ ជាការសម្តែងក្នុងរង្វង់គ្រួសារ ឬ ញាតិមិត្ត
- ការរៀបចំទុកក្នុងបណ្ណាល័យ នូវសំណៅស្នាដៃណាមួយ ដើម្បីរក្សាទុកឲ្យបានគង់វង្ស ឬដើម្បីទុកសម្រាប់ធ្វើការស្រាវជ្រាវ
- ការប្រើប្រាស់ស្នាដៃ សម្រាប់ការសិក្សាដោយគ្មានរកកម្រៃ
- ការបកប្រែស្នាដៃ ពីភាសាខ្មែរទៅជាភាសាជនជាតិភាគតិច ឬបកប្រែពីភាសាជន ជាតិភាគតិចមកជាភាសាខ្មែរ។
III. សិទ្ធិអ្នកនិពន្ធ—សិទ្ធិសីលធម៌
សិទ្ធិសីលធម៌របស់អ្នកនិពន្ធគឺជាសិទ្ធិអចិន្ត្រៃយ៍ មិនអាច លក់ដូរបាន មិនអាចរឹបអូសបាន និងមិនអាចផុតអាជ្ញាយុកាល។ សិទ្ធិនេះអាចត្រូវបានផ្ទេរទៅឲ្យទាយាទរបស់អ្នកនិពន្ធ ដោយមូលហេតុអ្នកនិពន្ធបានទទួលមរណភាព ឬប្រគល់ជូនតតីយជនបាន ដោយយោងតាមបទប្បញ្ញត្តិមរតកសាសន៍។ ក្នុងករណីគ្មានអ្នកទទួលមរតក ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈជាអ្នកគ្រប់គ្រងសិទ្ធិនោះ។ សិទ្ធិសីលធម៌របស់អ្នកនិពន្ធមានដូចខាងក្រោម៖
- សិទ្ធិក្នុងការសម្រេចអំពីរបៀប និងពេលវេលានៃការផ្សព្វផ្សាយស្នាដៃជាសាធារណៈ រួមទាំងបែបបទគ្រប់គ្រងនៃការផ្សព្វផ្សាយផងដែរ
- សិទ្ធិក្នុងការកំណត់អំពីឈ្មោះ ឋានៈ និងស្នាដៃសម្រាប់សាធារណជនទាក់ទង និង
- សិទ្ធិជំទាស់នូវគ្រប់រូបភាពនៃការបំផ្លើស ការដកចេញ ការដាក់បន្ថែម ការកែប្រែខ្លឹមសារនៃស្នដៃ ដែល ជាហេតុធ្វើឲ្យខូចកិត្តិយស ឬកេរ្តិ៍ឈ្មោះរបស់អ្នកនិពន្ធ