អត្ថបទសង្ខេបស្ដីពីសិទ្ធិប្រហាក់ប្រហែល

  • Post author:
  • Post published:
  • Post category:អត្ថបទ

តាក់តែងដោយក្រុមការងារស្រាវជ្រាវនៃការិយាល័យស្រាវជ្រាវ ផ្សព្វផ្សាយ និងបណ្តុះបណ្តាល

សិទ្ធិប្រហាក់ប្រហែល ជាសិទ្ធិមួយដែលជាប់ទាក់ទងសិទ្ធិអ្នកនិពន្ធ។ សិទ្ធិប្រហាក់ប្រហែល សំដៅដល់ សិទ្ធិអ្នកសម្ដែង សិទ្ធិផលិតករហ្វូណូក្រាម និងសិទ្ធិអង្គភាពទូរផ្សាយ។ ជារួមសិទ្ធិប្រហាក់ប្រហែលមាន៣ប្រភេទគឺ សិទ្ធិអ្នកសម្ដែង សិទ្ធិផលិតករហ្វូណូក្រាម និងសិទ្ធិអង្គភាពទូរផ្សាយ។

I. សិទ្ធិប្រហាក់ប្រហែល—សិទ្ធិរបស់អ្នកសម្តែង

1. និយមន័យ និងប្រភេទ

អ្នកសម្ដែង ជាសិល្បករ អ្នករបាំ តន្ត្រីករ អ្នកចម្រៀង ឬជនដែលធ្វើការសម្ដែង។ អ្នកសម្ដែងមានសិទ្ធិផ្ដាច់មុខក្នុងការធ្វើដោយផ្ទាល់ ឬអនុញ្ញាត៖

  • ការផ្សាយតាមទូរផ្សាយ និងការផ្សព្វផ្សាយជាសាធារណៈនូវការសម្ដែងរបស់ខ្លួន លើកលែងតែការផ្សាយទាំងនោះបានចេញផ្សាយពីហ្វូណូក្រាម ស្ដីពីការសម្ដែងដែលបានអនុញ្ញាតពីអ្នកសម្ដែង ឬបានផ្សាយឡើងវិញតាមទូរផ្សាយ ឬបានអនុញ្ញាតពីអង្គភាពទូរផ្សាយដែលបានផ្សាយមុនគេនូវការសម្ដែង   
  • ការថតបញ្ចូលជាហ្វូណូក្រាមនូវការសម្ដែងរបស់ខ្លួន ដែលមិនទាន់បានថតបញ្ចូលហ្វូណូក្រាម
  • ការផលិតឡើងវិញនូវការសម្ដែងដែលបានថតបញ្ចូលក្នុងហ្វូណូក្រាម
  • ការចែកចាយជាសាធារណៈតាមរយៈ ការលក់ ឬការផ្ទេរកម្មសិទ្ធិហ្វូណូក្រាមច្បាប់ដើម ឬចម្លងស្ដីពីការសម្ដែង

បើគ្មានកិច្ចព្រមព្រៀងផ្ទុយពីនេះ អ្នកសម្ដែងមានសិទ្ធិ៖ 

  • អនុញ្ញាតចាក់ផ្សាយតាមអង្គភាពទូរផ្សាយណាមួយ ប៉ុន្តែអង្គភាពទូរផ្សាយដទៃទៀត ពុំមានសិទ្ធិធ្វើការចាក់ផ្សាយនូវការសម្ដែងរបស់ខ្លួនបានទេ
  • អនុញ្ញាតឲ្យចាក់ផ្សាយតាមអង្គភាពទូរផ្សាយណាមួយ ប៉ុន្តែអង្គភាពទូរផ្សាយនោះ ពុំមានសិទ្ធិថតបញ្ចូលក្នុងហ្វូណូក្រាមនូវការសម្ដែងរបស់ខ្លួនទេ។

ជាទូទៅអ្នកសម្ដែងទទួលបាននូវសិទ្ធិដូចសិទ្ធិអ្នកនិពន្ធដែរ គឺ៖

(ក) សិទ្ធិសីលធម៌

  • អ្នកសម្ដែងមានសិទ្ធិតម្រូវឲ្យគេសរសេរឈ្មោះខ្លួនលើការសម្ដែងផ្ទាល់ ឬការសម្ដែងដែលបានថតទុក លើកលែងវិធីប្រើប្រាស់នៃការសម្ដែងពុំតម្រូវឲ្យសរសេរឈ្មោះ
  • អ្នកសម្តែងមានសិទ្ធិជំទាស់គ្រប់រូបភាពនៃការបំផ្លើស ការកាត់តខ្លឹមសារ ឬការកែប្រែខ្លឹមសារដែលជាហេតុធ្វើឲ្យខូចកេរ្ដិ៍ឈ្មោះខ្លួន

(ខ) សិទ្ធិបេតិកភណ្ឌ

សំដៅលើ សិទ្ធិហាមឃាត់តតិយជនមិនឪ្យប្រើប្រាស់ ឬធ្វើអាជីវកម្មលើស្នាដៃដោយពុំមានការអនុញ្ញាតជាមុនពីម្ចាស់ស្នាដៃ ក្នុងរយៈពេលកំណត់ជាក់លាក់មួយ។

2. ការផ្ទេរសិទ្ធិ

អ្នកសម្ដែង អាចផ្ទេរតាមរយៈការផ្ទេរសិទ្ធិបេតិកភណ្ឌដូចជា៖ 

  • តាមរយៈកិច្ចសន្យា ឬការផ្ដល់អាជ្ញាប័ណ្ណ
  • អាចផ្ទេរទៅឲ្យទាយាទរបស់ខ្លួន ឬអាចប្រគល់ជូនតតីយជនតាមបទប្បញ្ញាត្តិនៃមរតកសាសន៍
  • ផ្ទេរសិទ្ធិទាំងស្រុង ឬផ្ទេរជាភាគខ្លះបាន ដើម្បីធ្វើអាជីវកម្ម (អ្នកសម្ដែង ផលិតករហ្វូណូក្រាម អង្គភាពទូរផ្សាយ ទទួលបានកម្រៃពីការផ្ទេរសិទ្ធិនេះ អនុលោមតាមប្រការទាំងឡាយនៃកិច្ចសន្យា។

3. ការកម្រិតសិទ្ធិ

អ្នកសម្ដែង មិនអាចហាមឃាត់ ឬពុំចាំបាច់បង់កម្រៃនូវសកម្មភាពទាំងឡាយដូចតទៅ៖

  • សេចក្ដីរាយការណ៍ស្ដីពីបច្ចុប្បន្នភាពក្នុងលក្ខខណ្ឌដែលសេចក្ដីរាយការណ៍នោះ បានដកស្រង់ជាផ្នែកខ្លីៗពីការសម្ដែង ឬពីខ្លឹមសារហ្វូណូក្រាម ឬពីការផ្សាយតាមទូរផ្សាយ
  • ការថតចម្លងសម្រាប់ធ្វើឡើងសម្រាប់ការស្រាវជ្រាវវិទ្យាសាស្ត្រ
  • ការថតចម្លងសម្រាប់បម្រើក្នុងក្របខ័ណ្ឌនៃការសិក្សា លើកលែងតែការសម្ដែង ឬហ្វូណូក្រាមផលិតតែគោលបំណងនៃការសិក្សា
  • អនាគតដ្ឋានជាសម្រង់ខ្លីៗ ពីការសម្ដែង ឬហ្វូណូក្រាម ឬកម្មវិធីចាក់ផ្សាយសមស្របតាមទម្លាប់ល្អ
  • ការប្រើប្រាស់ផ្សេងៗទៀតដែលជាករណីលើកលែងពិសេសចំពោះស្នាដៃនានា ដែលទទួលនូវកិច្ចការពារអ្នកនិពន្ធដោយអនុលោមតាមច្បាប់
  • ការចាប់យករូបភាព និងសម្លេង ដើម្បីផ្សព្វផ្សាយបន្តទាំងស្រុង ឬភាគខ្លះដោយអង្គភាពទូរផ្សាយ ស្ដីពីបច្ចុប្បន្នភាពនៃពិធីបុណ្យ អង្គប្រជុំ ឬព្រឹត្តការណ៍នានារបស់ជាតិពីស្ថានីយដើមក្នុងពេលតែមួយ។

II. សិទ្ធិប្រហាក់ប្រហែល——សិទ្ធិរបស់ផលិតករហ្វូណូក្រាម

1. និយមន័យ និងប្រភេទ

ហ្វូណូក្រាម គឺជាវត្ថុដែលបានថតបញ្ចូលសម្លេងនៃការសម្ដែង ឬសម្លេងផ្សេងៗទៀត ឬនិមិត្តសញ្ញានៃសម្លេង ក្រៅពីទម្រង់នៃការថតបញ្ចូលជាខ្សែភាពយន្ត ឬស្នាដៃសោតទស្សន៍ផ្សេងៗ។ ផលិតករហ្វូណូក្រាមមានសិទ្ធិផ្តាច់មុខក្នុងកាអនុញ្ញាត ឬ ហាមឃាត់ ឲ្យគេថត ផលិតឡើងវិញ នាំចូល ចែកចាយ នូវហ្វូណូក្រាម ឬស្នាដៃរបស់ពួកគេ ព្រមទាំងសិទ្ធិប្រមូលលាភការក្នុង ការចាក់ផ្សាយ និងផ្សព្វផ្សាយជាសាធារណៈ។

ទោះបីជាច្បាប់ស្តីពីសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល ឆ្នាំ២០០៣ របស់កម្ពុជា មិនបានបែងចែកប្រភេទសិទ្ធិរបស់ផលិតករហ្វូណូក្រាមជាប្រភេទលម្អិតដោយផ្ទាល់ក៏ដោយ ក៏យើងអាចយកការបែងចែកតាមស្តង់ដារអន្តរជាតិដែលមានចែងក្នុង WIPO Performances and Phonograms Treaty (WPPT) ឆ្នាំ១៩៩៦ ដើម្បីបង្ហាញពីវិសាលភាពនៃសិទ្ធិរបស់ផលិតករហ្វូណូក្រាម។ សិទ្ធិរបស់ផលិតករហ្វូណូក្រាមអាចបែងចែកជា៤ប្រភេទសំខាន់ៗដូចជា៖

  • សិទ្ធិផលិតឡើងវិញ ៖ ផលិតករហ្វូណូក្រាម មានសិទ្ធិផ្តាច់មុខក្នុងការអនុញ្ញាតឱ្យធ្វើការផលិតឡើងវិញ ដោយផ្ទាល់ ឬដោយប្រយោល នូវហ្វូណូក្រាមរបស់ខ្លួន តាមវិធីសាស្ត្រ ឬទម្រង់ណាមួយ។
  • សិទ្ធិចែកចាយ ៖ គឺជាសិទ្ធិផ្តាច់មុខរបស់ផលិតករហ្វូណូក្រាម ក្នុងការគ្រប់គ្រងការដាក់ ដើម ឬច្បាប់ចម្លងនៃហ្វូណូក្រាម ឱ្យសាធារណជនទទួលបាន តាមរយៈការលក់ ឬការផ្ទេរកម្មសិទ្ធិផ្សេងទៀត។
  • សិទ្ធិជួល ៖ គឺជាសិទ្ធិផ្តាច់មុខរបស់ផលិតករហ្វូណូក្រាម ក្នុងការអនុញ្ញាត ឬហាមឃាត់ ការជួលជាលក្ខណៈពាណិជ្ជកម្ម នូវច្បាប់ដើម ឬច្បាប់ចម្លងនៃហ្វូណូក្រាមរបស់ខ្លួនឱ្យសាធារណជន។ សិទ្ធិនេះនៅតែមាន ទោះបីផលិតករបានលក់ ឬចែកចាយហ្វូណូក្រាមនោះរួចហើយក៏ដោយ។
  • សិទ្ធិក្នុងការផ្ដល់ហ្វូណូក្រាម ៖ ផលិតករហ្វូណូក្រាម មានសិទ្ធិផ្តាច់មុខក្នុងការអនុញ្ញាតឱ្យធ្វើឱ្យសាធារណជនអាចចូលប្រើហ្វូណូក្រាមរបស់ខ្លួន តាមរយៈមធ្យោបាយខ្សែ ឬឥតខ្សែ ក្នុងលក្ខណៈមួយដែលសមាជិកសាធារណជនអាចចូលប្រើហ្វូណូក្រាមទាំងនោះពីទីកន្លែង និងនៅពេលវេលាដែលពួកគេជ្រើសរើសដោយខ្លួនឯង។ 

2. ការផ្ទេរសិទ្ធិ

ការផ្ទេរសិទ្ធិរបស់ផលិតករហ្វូណូក្រាម គឺអនុវត្តតាមបទប្បញ្ញត្តិនៃមាត្រា ៣២ មាត្រា៣៣ និងមាត្រា៣៤ នៃច្បាប់ស្ដីពីសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល ឆ្នាំ២០០៣។

3. ការកម្រិតសិទ្ធិ

ផលិតករហ្វូណូក្រាម មិនអាចហាមឃាត់ ឬពុំចាំបាច់បង់កម្រៃនូវសកម្មភាពទាំងឡាយដូចតទៅ៖

  • សេចក្ដីរាយការណ៍ស្ដីពីបច្ចុប្បន្នភាពក្នុងលក្ខខណ្ឌដែលសេចក្ដីរាយការណ៍នោះ បានដកស្រង់ជាផ្នែកខ្លីៗពីការសម្ដែង ឬពីខ្លឹមសារហ្វូណូក្រាម ឬពីការផ្សាយតាមទូរផ្សាយ
  • ការថតចម្លងសម្រាប់ធ្វើឡើងសម្រាប់ការស្រាវជ្រាវវិទ្យាសាស្ត្រ
  • ការថតចម្លងសម្រាប់បម្រើក្នុងក្របខ័ណ្ឌនៃការសិក្សា លើកលែងតែការសម្ដែង ឬហ្វូណូក្រាមផលិតតែគោលបំណងនៃការសិក្សា
  • អនាគតដ្ឋានជាសម្រង់ខ្លីៗ ពីការសម្ដែង ឬហ្វូណូក្រាម ឬកម្មវិធីចាក់ផ្សាយសមស្របតាមទម្លាប់ល្អ
  • ការប្រើប្រាស់ផ្សេងៗទៀតដែលជាករណីលើកលែងពិសេសចំពោះស្នាដៃនានា ដែលទទួលនូវកិច្ចការពារអ្នកនិពន្ធដោយអនុលោមតាមច្បាប់
  • ការចាប់យករូបភាព និងសម្លេង ដើម្បីផ្សព្វផ្សាយបន្តទាំងស្រុង ឬភាគខ្លះដោយអង្គភាពទូរផ្សាយ ស្ដីពីបច្ចុប្បន្នភាពនៃពិធីបុណ្យ អង្គប្រជុំ ឬព្រឹត្តការណ៍នានារបស់ជាតិពីស្ថានីយដើមក្នុងពេលតែមួយ។

III. សិទ្ធិប្រហាក់ប្រហែល—សិទ្ធិរបស់អង្គភាពទូរផ្សាយ

  1. និយមន័យ និងប្រភេទ

អង្គភាពទូរផ្សាយ គឺជាស្ថានីយវិទ្យុ ទូរទស្សន៍ ទូរទស្សន៍ខ្សែកាប ឬផ្កាយរណប។ អង្គភាពទូរផ្សាយ មានសិទ្ធិផ្តាច់មុខក្នុងការធ្វើ ឬអនុញ្ញាតការថតកម្មវិធីផ្សាយ ការផ្សព្វផ្សាយជាសាធារណៈ ការចាក់ផ្សាយឡើងវិញ ការផលិតឡើងវិញ ការចែកចាយឬការដាក់ជួលជាលើកដំបូងនូវច្បាប់ចម្លងនៃកម្មវិធីផ្សាយរបស់ស្ថានីយសាមី ។

យោងតាមអនុសញ្ញា ស្តីពីការការពារអ្នកសម្ដែង ផលិតករហ្វូណូក្រាម និងអង្គភាពទូរផ្សាយ សិទ្ធិរបស់អង្គភាពទូរផ្សាយត្រូវមានសិទ្ធិអនុញ្ញាត ឬហាមឃាត់ដូចជា៖

(១) សិទ្ធិផ្សាយបន្តនូវកម្មវិធីផ្សាយរបស់ខ្លួន

(២) សិទ្ធិថតរក្សាទុកនូវកម្មវិធីផ្សាយរបស់ខ្លួន

(៣) សិទ្ធិផលិតឡើងវិញ៖

  • នៃការថតរក្សាទុក ដែលបានធ្វើឡើងដោយគ្មានការយល់ព្រមពីអង្គភាពទូរផ្សាយ ចំពោះកម្មវិធីផ្សាយរបស់ខ្លួន។
  • នៃការថតរក្សាទុក ដែលបានធ្វើឡើងស្របតាមបទប្បញ្ញត្តិនៃ មាត្រា ១៥ ចំពោះកម្មវិធីផ្សាយរបស់ខ្លួន ប្រសិនបើការផលិតឡើងវិញនោះត្រូវបានធ្វើឡើងសម្រាប់គោលបំណងផ្សេងពីគោលបំណងដែលបានកំណត់នៅក្នុងបទប្បញ្ញត្តិទាំងនោះ។
  • សិទ្ធិទំនាក់ទំនងជាសាធារណៈ នូវកម្មវិធីទូរទស្សន៍របស់ខ្លួន ប្រសិនបើការទំនាក់ទំនងនោះត្រូវបានធ្វើឡើងនៅក្នុងទីកន្លែងដែលសាធារណជនអាចចូលបាន ដោយតម្រូវឱ្យមានការបង់ថ្លៃចូល។
  1. ការផ្ទេរសិទ្ធិ

ការផ្ទេរសិទ្ធិរបស់អង្គភាពទូរផ្សាយមានលក្ខណៈដូចនឹង ការផ្ទេរសិទ្ធិរបស់ផលិតករហ្វូណូក្រាមដែរ គឺអនុវត្តតាមបទប្បញ្ញត្តិនៃមាត្រា ៣២ មាត្រា៣៣ និងមាត្រា៣៤ នៃច្បាប់ស្ដីពីសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល ឆ្នាំ២០០៣។

  1. ការកម្រិតសិទ្ធិ

អង្គភាពទូរផ្សាយ មិនអាចហាមឃាត់ ឬពុំចាំបាច់បង់កម្រៃនូវសកម្មភាពទាំងឡាយដូចតទៅ៖

  • សេចក្ដីរាយការណ៍ស្ដីពីបច្ចុប្បន្នភាពក្នុងលក្ខខណ្ឌដែលសេចក្ដីរាយការណ៍នោះ បានដកស្រង់ជាផ្នែកខ្លីៗពីការសម្ដែង ឬពីខ្លឹមសារហ្វូណូក្រាម ឬពីការផ្សាយតាមទូរផ្សាយ
  • ការថតចម្លងសម្រាប់ធ្វើឡើងសម្រាប់ការស្រាវជ្រាវវិទ្យាសាស្ត្រ
  • ការថតចម្លងសម្រាប់បម្រើក្នុងក្របខ័ណ្ឌនៃការសិក្សា លើកលែងតែការសម្ដែង ឬហ្វូណូក្រាមផលិតតែគោលបំណងនៃការសិក្សា
  • អនាគតដ្ឋានជាសម្រង់ខ្លីៗ ពីការសម្ដែង ឬហ្វូណូក្រាម ឬកម្មវិធីចាក់ផ្សាយសមស្របតាមទម្លាប់ល្អ
  • ការប្រើប្រាស់ផ្សេងៗទៀតដែលជាករណីលើកលែងពិសេសចំពោះស្នាដៃនានា ដែលទទួលនូវកិច្ចការពារអ្នកនិពន្ធដោយអនុលោមតាមច្បាប់

(4) ការចាប់យករូបភាព និងសម្លេង ដើម្បីផ្សព្វផ្សាយបន្តទាំងស្រុង ឬភាគខ្លះដោយអង្គភាពទូរផ្សាយ ស្ដីពីបច្ចុប្បន្នភាពនៃពិធីបុណ្យ អង្គប្រជុំ ឬព្រឹត្តការណ៍នានារបស់ជាតិពីស្ថានីយដើមក្នុងពេលតែមួយ។

(សំគាល់៖ យោងតាមការស្រាវជ្រាវ នៅក្នុងច្បាប់ស្ដីពីសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល ទោះបីជាសិទ្ធិរបស់អ្នកសម្ដែង សិទ្ធិរបស់ផលិតករហ្វូណូក្រាម និងសិទ្ធិរបស់អង្គភាពទូរផ្សាយ មានលក្ខណៈខុសគ្នាតាមតួនាទី និងកម្មវត្ថុនៃការការពារក៏ដោយ ក៏សិទ្ធិប្រហាក់ប្រហែលទាំងបីនេះមានគោលការណ៍ទូទៅដូចគ្នាពាក់ព័ន្ធនឹងការផ្ទេរសិទ្ធិ និងការកម្រិតសិទ្ធិផងដែរ។)