តាក់តែងដោយក្រុមការងារស្រាវជ្រាវនៃការិយាល័យស្រាវជ្រាវ ផ្សព្វផ្សាយ និងបណ្តុះបណ្តាល
I. សកម្មភាពរំលោភបំពានសិទ្ធិអ្នកនិពន្ធ
នៅកម្ពុជា សិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល ទទួលបានការការពារតាមផ្លូវច្បាប់ដោយស្វ័យប្រវត្តិ ចាប់ពីពេលដែលស្នាដៃត្រូវបានបង្កើតឡើង ដោយមិនតម្រូវឱ្យមានការចុះបញ្ជី ដើម្បីទទួលបានការការពារឡើយ។ ទោះជាយ៉ាងណា ការចុះបញ្ជីស្នាដៃដោយស្ម័គ្រចិត្ត នៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អាចជាភស្តុតាងបន្ថែមមួយសម្រាប់បញ្ជាក់ពីភាពជាម្ចាស់កម្មសិទ្ធិលើស្នាដៃ ក្នុងករណីមានវិវាទកើតឡើង។ ច្បាប់ស្តីពីសិទ្ធិអ្នកនិពន្ធនិងសិទ្ធិប្រហាក់ប្រហែល ឆ្នាំ២០០៣ របស់កម្ពុជា បានទទួលស្គាល់នូវគោលការណ៍ «ការប្រើប្រាស់ដោយសមធម៌» ដែលជាគោលការណ៍អនុញ្ញាតឱ្យមានការប្រើប្រាស់ស្នាដៃអ្នកនិពន្ធ ដោយមិនចាំបាច់ទទួលបានការអនុញ្ញាតពីម្ចាស់សិទ្ធិត្រឹមកម្រិតជាក់លាក់មួយ។ គោលការណ៍នេះមានគោលបំណងធានាតុល្យភាពរវាង“ការការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់អ្នកនិពន្ធឬម្ចាស់សិទ្ធិ” និង“ការលើកកម្ពស់ផលប្រយោជន៍សាធារណៈ”។
ជាក់ស្តែង ការរំលោភបំពានលើគោលការណ៍ខាងលើ ច្រើនតែកើតមានឡើង ក្រោមរូបភាពដូចខាងក្រោម៖
- ការចម្លងដោយគ្មានការអនុញ្ញាត
- ការធ្វើផលិតឡើងវិញដោយគ្មានការអនុញ្ញាត
- ការចែកចាយដោយគ្មានការអនុញ្ញាត
- ការសម្តែងជាសាធារណៈដោយគ្មានការអនុញ្ញាត
- ការផ្សាយដោយគ្មានការអនុញ្ញាត
- ការប្រកាសជាសាធារណៈដោយគ្មានការអនុញ្ញាត
- ការបង្ហាញជាសាធារណៈដោយគ្មានការអនុញ្ញាត
- ការប្រើប្រាស់ក្នុងគោលបំណងពាណិជ្ជកម្ម ដោយគ្មានការអនុញ្ញាត
- ការផលិត ការនាំចូល ឬការចែកចាយឧបករណ៍ បច្ចេកវិទ្យា ឬមធ្យោបាយផ្សេងៗ ដែលមានគោលបំណងបំពានលើវិធានការការពារបច្ចេកវិទ្យា ឬលុប ឬកែប្រែព័ត៌មានគ្រប់គ្រងសិទ្ធិជាទម្រង់អេឡិចត្រូនិក ជាដើម។
ដោយឡែក ការផលិតស្នាដៃឡើងវិញតាមប្រព័ន្ធអ៊ីនធឺណិតដោយគ្មានការអនុញ្ញាតពីម្ចាស់សិទ្ធិ (ការរំលោភបំពាន ផ្អែកលើប្រព័ន្ធអ៊ីនធឺណិត) នៅតែជាបញ្ហាប្រឈមមួយក្នុងការអនុវត្តច្បាប់ នៅកម្ពុជា ដោយសារច្បាប់ស្តីពីសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល ឆ្នាំ២០០៣ មិនទាន់មានបទប្បញ្ញត្តិជាក់លាក់ ស្តីពីការរំលោភសិទ្ធិអ្នកនិពន្ធដែលប្រព្រឹត្តឡើងតាមប្រព័ន្ធឌីជីថល ឬតាមបណ្តាញអ៊ីនធឺណិតនៅឡើយ។
II. ភាគីពាក់ព័ន្ធក្នុងវិវាទសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល
ការរំលោភបំពានសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល អាចនាំឱ្យមានការទទួលខុសត្រូវផ្នែករដ្ឋប្បវេណី ឬព្រហ្មទណ្ឌ។ ភាគីនៅក្នុងវិវាទអាចជា៖
III. យន្តការដោះស្រាយតាមផ្លូវរដ្ឋបាល
1. ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គឺជាស្ថាប័នរាជរដ្ឋាភិបាល ដែលមានសមត្ថកិច្ចចម្បងក្នុងការគ្រប់គ្រងការទទួលស្គាល់ និងការពារសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល ព្រមទាំងមានតួនាទីសម្របសម្រួលដោះស្រាយវិវាទពាក់ព័ន្ធនឹងសិទ្ធិទាំងនេះ។ ក្រៅពីនេះ ក្រសួងក៏មានភារកិច្ចអនុវត្តគោលនយោបាយ និងចេញលិខិតបទដ្ឋានគតិយុត្តនានា ស្របតាមច្បាប់ស្តីពីសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែលផងដែរ។ មួយវិញទៀត ក្រសួងក៏អាចសហការជាមួយស្ថាប័នពាក់ព័ន្ធដែលមានសមត្ថកិច្ចពាក់ព័ន្ធ ក្នុងការទប់ស្កាត់ និងដោះស្រាយបញ្ហារំលោភសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល ព្រមទាំងសម្របសម្រួលការផ្សះផ្សារវាងម្ចាស់សិទ្ធិ និងជនដែលត្រូវបានចោទប្រកាន់ថាបានរំលោភបំពានសិទ្ធិ ដើម្បីឈានទៅរកការដោះស្រាយវិវាទ ដោយស្ម័គ្រចិត្ត។
ជាទូទៅ ការសម្របសម្រួលឬការផ្សះផ្សា ររវាងម្ចាស់សិទ្ធិ និងជនដែលត្រូវបានចោទប្រកាន់ថាបានរំលោភសិទ្ធិ ដោយក្រសួង អាចមានលទ្ធផល ដូចខាងក្រោម៖
- ករណីផ្សះផ្សាបានជោគជ័យ៖ ប្រសិនបើភាគីអាចឈានដល់ការព្រមព្រៀងគ្នា ក្រសួងនឹងរៀបចំ កំណត់ហេតុនៃការផ្សះផ្សា ឬ កិច្ចព្រមព្រៀងដោះស្រាយវិវាទ ដែលជាឯកសាររដ្ឋបាល បញ្ជាក់ពីលក្ខខណ្ឌដែលភាគីបានព្រមព្រៀងគ្នា ដូចជាការបញ្ឈប់សកម្មភាពរំលោភសិទ្ធិ ការដកចេញ ឬរុះរើមធ្យោបាយដែលប្រើប្រាស់ដោយខុសច្បាប់ ការទូទាត់សំណងដែលបានព្រមព្រៀងគ្នា ឬកាតព្វកិច្ចផ្សេងៗទៀត ដែលទាំងឯកសារនេះត្រូវចុះហត្ថលេខាដោយភាគីទាំងអស់ និងមានការចូលរួមពីមន្ត្រីសម្របសម្រួលរបស់ក្រសួង ដើម្បីបញ្ជាក់ពីការដោះស្រាយវិវាទដោយស្ម័គ្រចិត្ត។
- ករណីផ្សះផ្សាមិនបានជោគជ័យ៖ ប្រសិនបើភាគីមិនអាចឈានដល់ការព្រមព្រៀងគ្នាបាន ក្រសួងអាចរៀបចំ កំណត់ហេតុនៃការមិនទទួលផ្សះផ្សា ដើម្បីបិទបញ្ចប់នីតិវិធីរដ្ឋបាល ដែលមិនមានការប៉ះពាល់ដល់សិទ្ធិរបស់ម្ចាស់សិទ្ធិក្នុងការបន្តប្រើប្រាស់មធ្យោបាយផ្លូវច្បាប់ ដូចជាការបន្ដនិតីវិធីទៅតុលាការ (រដ្ឋប្បវេណី ឬព្រហ្មទណ្ឌ) ដើម្បីស្វែងរកការការពារសិទ្ធិ និងសំណងតាមច្បាប់ឡើយ។
- ករណីមានការស្នើសុំពីតុលាការ៖ នៅពេលវិវាទត្រូវបានដោះស្រាយតាមនីតិវិធីតុលាការ តុលាការរដ្ឋប្បវេណី ឬតុលាការព្រហ្មទណ្ឌ អាចស្នើសុំឱ្យក្រសួង ផ្តល់មតិយោបល់បច្ចេកទេស ឯកសារពាក់ព័ន្ធ ឬច្បាប់ចម្លងនៃកំណត់ហេតុផ្សះផ្សា ដើម្បីប្រើប្រាស់ជាសម្អាងឬភស្តុតាងក្នុងសំណុំរឿង។ ការផ្ដល់មតិជាលាយលក្ខណ៍អក្សរ ឬឯកសារដែលចេញដោយក្រសួង មានសារៈសំខាន់ក្នុងការបញ្ជាក់អំពីបញ្ហាបច្ចេកទេស អំពីភាពជាអ្នកនិពន្ធ កម្មសិទ្ធិស្របច្បាប់លើស្នាដៃ និងវិសាលភាពនៃអំពើរំលោភសិទ្ធិដែលត្រូវបានចោទប្រកាន់។
២. អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ទទួលបន្ទុកក្នុងការត្រួតពិនិត្យភាពស្របច្បាប់នៃទំនិញឆ្លងកាត់តាមព្រំដែនរបស់កម្ពុជា និងអនុវត្តវិធានការឃាត់ទុកទំនិញ ដែលសង្ស័យថាជាទំនិញក្លែងបន្លំ តាមសំណើរបស់ម្ចាស់សិទ្ធិអ្នកនិពន្ធ ឬសិទ្ធិប្រហាក់ប្រហែល យោងតាមតាមមាត្រា ៦៣ នៃច្បាប់ស្តីពីសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល។ បន្ទាប់ពីរដ្ឋបាលគយ និងរដ្ឋាករសម្រេចឃាត់ទុកទំនិញ រដ្ឋបាលគយ និងរដ្ឋាករត្រូវជូនដំណឹងជាបន្ទាន់ទៅកាន់ទាំងអ្នកនាំចូលឬកាន់កាប់ និងដើមបណ្តឹង(ម្ចាស់សំណើ)។ បន្ទាប់មក ដើមបណ្តឹងឬម្ចាស់សំណើត្រូវបន្តនីតិវិធីស្នើសុំដីការក្សាទុកជាបណ្តោះអាសន្នពីតុលាការ ក្នុងរយៈពេល ១០ (ដប់) ថ្ងៃធ្វើការ ប្រសិនបើម្ចាស់សិទ្ធិមិនអនុវត្តតាមលក្ខខណ្ឌខាងលើក្នុងរយៈពេលកំណត់ទេ រដ្ឋបាលគយ និងរដ្ឋាករអាចលុបចេញវិធានការឃាត់ទុកទំនិញទាំងនោះ។
ដើម្បីធ្វើឱ្យនីតិវិធីនេះមានលក្ខណៈប្រតិសកម្មជាងមុន អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានដាក់ឱ្យដំណើរការ ប្រព័ន្ធកត់ត្រាកម្មសិទ្ធិបញ្ញាតាមអនទ្បាញ។ ម្ចាស់សិទ្ធិអាចកត់ត្រាសិទ្ធិអ្នកនិពន្ធនិងសិទ្ធិប្រហាក់ប្រហែល របស់ខ្លួនដោយផ្ទាល់ ទៅក្នុងទិន្នន័យតាមរយៈប្រព័ន្ធនេះ។ យន្ដការនេះអនុញ្ញាតឱ្យមន្ត្រីគយនៅតាមច្រកព្រំដែន អាចកំណត់អត្តសញ្ញាណ សម្គាល់ និងឃាត់ទុកទំនិញក្លែង បានដោយស្វ័យប្រវត្តិ ដោយមិនចាំបាច់រង់ចាំការជូនដំណឹងឬសំណើ ពីម្ចាស់សិទ្ធិជាមុនឡើយ។
៣. ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច
បច្ចុប្បន្ន ការរំលោភបំពានសិទ្ធិអ្នកនិពន្ធនិងសិទ្ធិប្រហាក់ប្រហែល តាមលួចចម្លងជារូបវន្ត ត្រូវបានជំនួសជាហូរហែរដោយការរំលោភបំពានស្នាដៃ តាមប្រព័ន្ធអនឡាញ និងការចែកចាយស្នាដៃក្នុងទម្រង់ឌីជីថល ហេតុនេះ ការរំលោភបំពានសិទ្ធិអ្នកនិពន្ធ តាមប្រព័ន្ធអនទ្បាញនិងឌីជីថល បច្ចុប្បន្ន អាចត្រូវបានដោះស្រាយ តាមរយៈវិធានការរដ្ឋបាលរួម ធ្វើទ្បើងរវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច។ ស្ថាប័នទាំងពីរអាចចាត់វិធានការដោយផ្ទាល់ ក្នុងការទប់ស្កាត់ ឬបិទការចូលប្រើប្រាស់ឈ្មោះដែនគេហទំព័រ និងសេវាបង្ហោះទិន្នន័យ ដែលត្រូវបានប្រើប្រាស់ដោយគ្មានការអនុញ្ញាត ឬពាក់ព័ន្ធនឹងការរំលោភបំពានសិទ្ធិអ្នកនិពន្ធ។
IV. យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ
ការសម្រុះសម្រួល/ការផ្សះផ្សា
ការសម្រុះសម្រួល/ការផ្សះផ្សា គឺជាយន្តការដោះស្រាយវិវាទដែលមានភាពរហ័ស បត់បែន និងរក្សាការសម្ងាត់ជាងការដោះស្រាយតាមយន្តការតុលាការ ហើយក្នុងន័យពាណិជ្ជកិច្ច អាចជួយរក្សាទំនាក់ទំនង ឬភាពជាដៃគូរវាងភាគីថែមទៀត។ ភាគីទីបីអាចជា ទីប្រឹក្សាផ្នែកច្បាប់ សមាគមវិស័យកម្មសិទ្ធិបញ្ញា ឬស្ថាប័នឯកជនដែលផ្តល់សេវាសម្រុះសម្រួល មានតួនាទីជួយសម្របសម្រួល ផ្សះផ្សា និងជំរុញឱ្យភាគីធ្វើការចរចា ដើម្បីឈានទៅរកដំណោះស្រាយដែលអាចទទួលយកបានដោយភាគីទាំងសងខាង ប៉ុន្តែមិនមានអំណាចក្នុងការសម្រេចណាមួយទ្បើយ។
ជាទូទៅ ការសម្រុះសម្រួល ឬការផ្សះផ្សា ឈានដល់ការសម្រេចបាននូវកិច្ចព្រមព្រៀងដោះស្រាយវិវាទ ដែលរួមមានការព្រមព្រៀងបញ្ឈប់ការរំលោភបំពានសិទ្ធិ ឬការទូទាត់សំណងដែលភាគីបានព្រមព្រៀងគ្នា។
ក្នុងករណីការសម្រុះសម្រួល ឬការផ្សះផ្សាទទួលបានជោគជ័យ ភាគីនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងដោះស្រាយវិវាទជាលាយលក្ខណ៍អក្សរ ដែលជាទូទៅអាចរួមមាន ការព្រមព្រៀងបញ្ឈប់ការរំលោភបំពានសិទ្ធិ ការទូទាត់សំណង ការផ្តល់អាជ្ញាបណ្ណ កាតព្វកិច្ចរក្សាការសម្ងាត់ និងលក្ខខណ្ឌផ្សេងៗដែលភាគីបានព្រមព្រៀងគ្នា។ កិច្ចព្រមព្រៀងដោះស្រាយវិវាទនេះ មានអានុភាពជាកិច្ចសន្យារដ្ឋប្បវេណីដែលមានអានុភាពចងកាតព្វកិច្ចទៅគូភាគី។
ក្នុងករណីដែលការសម្រុះសម្រួល ឬការផ្សះផ្សាមិនទទួលបានជោគជ័យ ឬភាគីណាមួយមិនអនុវត្តតាមកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា ភាគីម្ខាងទៀតអាចប្រើប្រាស់វិធានការតាមផ្លូវច្បាប់ ដូចជាការបន្តនីតិវិធីទៅតុលាការ។
មជ្ឈត្តកម្ម
វិវាទសិទ្ធិអ្នកនិពន្ធដែលកើតចេញពីកិច្ចសន្យា ដូចជា វិវាទពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងផ្តល់អាជ្ញាបណ្ណ ឬការបង់កម្រៃ អាចត្រូវបានដោះស្រាយតាមរយៈយន្តការមជ្ឈត្តកម្ម។ គូភាគីមានសិទ្ធិក្នុងការកំណត់នីតិវិធីមជ្ឈត្តកម្ម ទីកន្លែងធ្វើមជ្ឈត្តកម្ម ភាសាដែលត្រូវប្រើ និងបញ្ហានីតិវិធីផ្សេងទៀត។
មជ្ឈត្តវិនិច្ឆ័យ ឬសេចក្តីសម្រេចរបស់មជ្ឈត្តករ មានអានុភាពចងកាតព្វកិច្ចលើគូភាគី និងអាចស្នើសុំឱ្យតុលាការទទួលស្គាល់ និងអនុវត្តដោយបង្ខំបាន ស្របតាមមាត្រា ៤៥ នៃច្បាប់ស្តីពីមជ្ឈត្តកម្មពាណិជ្ជកម្ម។ ម្យ៉ាងវិញទៀត កម្ពុជាជាភាគីនៃអនុសញ្ញាទីក្រុងញូវយ៉ក ហេតុនេះ មជ្ឈត្តវិនិច្ឆ័យដែលចេញដោយមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តកម្មពាណិជ្ជកម្មកម្ពុជា ក៏អាចត្រូវបានទទួលស្គាល់ និងអនុវត្តនៅក្នុងយុត្តាធិការជាង ១៦០ ប្រទេស ដែលជាភាគីនៃអនុសញ្ញានេះដែរ។
V. យន្តការសម្រាប់សំណុំរឿងព្រហ្មទណ្ឌ
សំណុំរឿងព្រហ្មទណ្ឌពាក់ព័ន្ធនឹងការរំលោភបំពានសិទ្ធិអ្នកនិពន្ធ ត្រូវអនុវត្តតាមនីតិវិធីដែលមានចែងក្នុងក្រមនីតិវិធីព្រហ្មទណ្ឌ និងស្ថិតក្រោមសមត្ថកិច្ចរបស់តុលាការព្រហ្មទណ្ឌទូទៅ ដោយសារកម្ពុជាមិនទាន់មានតុលាការឯកទេសផ្នែកកម្មសិទ្ធិបញ្ញាសម្រាប់សំណុំរឿងព្រហ្មទណ្ឌនៅឡើយ។ ជាទូទៅ សំណុំរឿងព្រហ្មទណ្ឌពាក់ព័ន្ធនឹងសិទ្ធិអ្នកនិពន្ធ ត្រូវបានអនុវត្តចំពោះអំពើរំលោភបំពានដែលមានលក្ខណៈទ្រង់ទ្រាយធំ មានចេតនាពាណិជ្ជកម្ម ឬជាការប្រព្រឹត្តអំពើល្មើសម្តងហើយម្តងទៀត។ ម្ចាស់សិទ្ធិអាចដាក់ពាក្យបណ្តឹងទៅព្រះរាជអាជ្ញា ឬនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដើម្បីចាប់ផ្ដើមនីតិវិធីព្រហ្មទណ្ឌ។ ក្នុងករណីដែលព្រះរាជអាជ្ញាសម្រេចមិនធ្វើការចោទប្រកាន់ ម្ចាស់សិទ្ធិអាចដាក់ពាក្យឧទ្ធរណ៍ចំពោះសេចក្តីសម្រេចនោះ ស្របតាមនីតិវិធីដែលច្បាប់បានកំណត់។
ព្រះរាជអាជ្ញា និង/ឬ នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច មានសមត្ថកិច្ចធ្វើការស៊ើបអង្កេតលើអំពើរំលោភបំពាន តាមរយៈការឃ្លាំមើល ការត្រួតពិនិត្យ ឬប្រតិបត្តិការសម្ងាត់ណាមួយ។ ប្រសិនបើមានភស្តុតាងគ្រប់គ្រាន់ ព្រះរាជអាជ្ញានឹងសម្រេចចោទប្រកាន់តាមបទប្បញ្ញត្តិនៃជំពូកទី១១ នៃច្បាប់ស្តីពីសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល ដែលបទល្មើសទាំងនេះអាចត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ខែ ដល់ ២៤ (ម្ភៃបួន) ខែ និងពិន័យជាប្រាក់ពី ១.០០០.០០០ (មួយលាន) រៀល ដល់ ២៥.០០០.០០០ (ម្ភៃប្រាំលាន) រៀល។ លើសពីនេះ តុលាការអាចបង្គាប់ឱ្យបំផ្លាញផលិតផលដែលរំលោភបំពានសិទ្ធិ រឹបអូសឧបករណ៍ផលិត និងដកហូតផលប្រយោជន៍ ឬប្រាក់ចំណេញដែលទទួលបានពីការប្រព្រឹត្តអំពើរំលោភបំពាននោះផងដែរ។
VI. យន្កការរសម្រាប់វិវាទមិនមែនព្រហ្មទណ្ឌ
វិវាទសិទ្ធិនិពន្ធដែលមិនមានលក្ខណៈជាបទល្មើសព្រហ្មទណ្ឌ ស្ថិតក្រោមសមត្ថកិច្ចរបស់តុលាការរដ្ឋប្បវេណីនៃព្រះរាជាណាចក្រកម្ពុជា។
វិធានការបណ្តោះអាសន្ន ឬដីកាបង្គាប់របស់តុលាការ
យោងតាមមាត្រា ៥៩ នៃច្បាប់ស្តីពីសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល តុលាការអាចបង្គាប់ឱ្យអនុវត្តវិធានការបណ្តោះអាសន្ន ដើម្បីរក្សាទុកភស្តុតាង រួមទាំងការចុះឆែកឆេរ ការរឹបអូសច្បាប់ចម្លងដែលរំលោភបំពានសិទ្ធិ និងការរឹបអូសឧបករណ៍ដែលប្រើប្រាស់សម្រាប់ផលិតច្បាប់ចម្លងទាំងនោះ ឬទប់ស្កាត់ការរំលោភសិទ្ធិដែលកំពុងកើតមាន ឬអាចនឹងកើតមាន។ ទោះជាយ៉ាងណា ជាទូទៅ ដើមបណ្តឹងត្រូវផ្តល់ប្រាក់ធានា ឬការធានាផ្សេងទៀត ដើម្បីធានាចំពោះការខូចខាតដែលអាចកើតឡើង ប្រសិនបើវិធានការបណ្តោះអាសន្នត្រូវបានសម្រេចដោយមិនត្រឹមត្រូវ។
សូមអាន អត្ថបទសង្ខេបរបស់សមាគមលើកកម្ពស់ពាណិជ្ជកម្មកម្មសិទ្ធិបញ្ញា (PIPTA) ស្តីពី «វិធានការរក្សាការពារ តាមផ្លូវតុលាការ ចំពោះការរំលោភបំពានកម្មសិទ្ធិបញ្ញា» https://pipta.org.kh/2026/07/04/brief-article-on-court-ordered-provisional-measures-against-intellectual-property-infringement/
បណ្តឹងរដ្ឋប្បវេណី
បច្ចុប្បន្ន សំណុំរឿងរដ្ឋប្បវេណីពាក់ព័ន្ធនឹងការរំលោភបំពានសិទ្ធិអ្នកនិពន្ធនៅកម្ពុជា ពុំមានចំនួនច្រើននោះទេ ដោយសារនីតិវិធីតុលាការអាចចំណាយពេលយូរ ហើយវិវាទជាច្រើនត្រូវបានដោះស្រាយដោយសន្តិវិធី ដូចជាតាមរយៈលិខិតជូនដំណឹងទាមទារឱ្យបញ្ឈប់ការរំលោភសិទ្ធិ ឬតាមរយៈការផ្សះផ្សាតាមយន្តការរដ្ឋបាល ជាដើម។
ការអនុវត្តដោយបង្ខំ
បន្ទាប់ពីសាលក្រម ឬសេចក្តីសម្រេចរបស់តុលាការមានអានុភាពអនុវត្តជាស្ថាពរ (ឬជាបណ្តោះអាសន្ន) ការអនុវត្តដោយបង្ខំ ត្រូវបានដំណើរការស្របតាមក្រមនីតិវិធីរដ្ឋប្បវេណី និងច្បាប់ស្តីពីសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល។ យោងតាមមាត្រា ៦៦ នៃច្បាប់ស្តីពីសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល តុលាការអាចរឹបអូសមួយភាគឬទាំងស្រុងនៃប្រាក់ចំណូលបានមកពីបទល្មើស និងឧបករណ៍សម្រាប់ការប្រព្រឹត្តបទល្មើស, និងប្រគល់ឧបករណ៍ឬសម្ភារៈបានពីការរឹបអូសទៅម្ចាស់សិទ្ធិអ្នកនិពន្ធឬសិទ្ធិប្រហាក់ប្រហែល ឬបំផ្លាញចោលជាដើម។ ចំពោះសាលក្រមដែលមានគោលបំណងឱ្យសងជាប្រាក់ ការអនុវត្តដោយបង្ខំអាចធ្វើឡើងតាមរយៈការរឹបអូសទ្រព្យសម្បត្តិ ការរឹបអូសប្រាក់ក្នុងគណនីធនាគារ ឬវិធានការអនុវត្តផ្សេងទៀត ដែលមានចែងក្នុងក្រមនីតិវិធីរដ្ឋប្បវេណី។