តាក់តែងដោយក្រុមការងារស្រាវជ្រាវនៃការិយាល័យស្រាវជ្រាវ ផ្សព្វផ្សាយ និងបណ្តុះបណ្តាល
វិសាលភាពនៃការអនុវត្តច្បាប់ពាក់ព័ន្ធទៅនឹងកម្មសិទ្ធិបញ្ញា មិនត្រូវបានកម្រិតត្រឹមតែវិធានការបន្ទាប់ពីទំនិញរំលោភបំពានត្រូវបានចរាចរលើទីផ្សារនោះទេ។ នៅតាមមាត់ច្រកព្រំដែននៃប្រទេស អាជ្ញាធរមានសមត្ថកិច្ចអាចចាត់វិធានការលើទំនិញរំលោភបំពានទាំងនោះ ដូចជា៖
- ផ្អាកនីតិវិធីបញ្ចេញទំនិញពីគយ
- ឃាត់ទុក និងត្រួតពិនិត្យទំនិញ ឬ
- យកគំរូផលិតផលដើម្បីផ្ទៀងផ្ទាត់ក្នុងករណីមានការសង្ស័យសមហេតុផល
ទំនិញដែលរំលោភលើសិទ្ធិកម្មសិទ្ធិបញ្ញា ភាគច្រើនលេចឡើងក្នុងទម្រង់ដូចខាងក្រោម៖
ការចាត់វិធានការបែបនេះគ្រាន់តែជាវិធានការបណ្តោះអាសន្នប៉ុណ្ណោះ ហើយមិនមានន័យថា ទំនិញនោះត្រូវបានសម្រេចថាជាទំនិញរំលោភសិទ្ធិនោះទេ។ យន្តការនេះដើរតួនាទីជាវិធានការបង្ការជាចម្បង មុនពេលមានការចែកចាយកាន់តែទូលំទូលាយ ដែលធ្វើឱ្យការស្វែងរកដាន និងការដកហូតទំនិញមានការលំបាក។ ទន្ទឹមនឹងនេះ ការអនុវត្តវិធានការក៏ត្រូវធ្វើឱ្យបានត្រឹមត្រូវ និងសមស្រប ដើម្បីកុំឱ្យប៉ះពាល់ដល់ការនាំចូល-នាំចេញ និងការធ្វើពាណិជ្ជកម្មស្របច្បាប់។
១. មូលដ្ឋានច្បាប់
ការអនុវត្តវិធានការតាមមាត់ច្រកព្រំដែនពាក់ព័ន្ធនឹងការរំលោភបំពានកម្មសិទ្ធិបញ្ញានៅកម្ពុជា ត្រូវបានដកស្រង់ចេញពីកាតព្វកិច្ចអន្តរជាតិ ច្បាប់ជាតិពាក់ព័ន្ធនឹងកម្មសិទ្ធិបញ្ញា និងបទប្បញ្ញត្តិគយជាដើម ដែលមានមូលដ្ឋានបទប្បញ្ញត្តិសំខាន់ៗរួមមាន៖
២. នីតិវិធីនៅមាត់ច្រកព្រំដែន
ជាទូទៅ ទំនិញអាចត្រូវបានគ្រប់គ្រង ដរាបណាទំនិញទាំងនោះនៅតែអាចកំណត់អត្តសញ្ញាណបាន នៅក្នុងអំឡុងពេលនៃដំណើរការឆ្លងកាត់មាត់ច្រកព្រំដែន។ ទំនិញឆ្លងកាត់មាត់ច្រកព្រំដែនអាចពាក់ព័ន្ធនឹងសិទ្ធិកម្មសិទ្ធិបញ្ញាជាច្រើន ប៉ុន្តែនៅក្នុងប្រទេសកម្ពុជា មិនមែនគ្រប់សិទ្ធិទាំងអស់ត្រូវអនុវត្តនីតិវិធីតាមមាត់ច្រកព្រំដែនដូចគ្នានោះទេ។ ម៉ាក, សិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល, និងម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ បានកំណត់ទៅនឹង យន្តការពិសេសនៃការព្យួរទុកទំនិញនៅតាមមាត់ច្រកព្រំដែន ចំណែកឯសិទ្ធិផ្សេងទៀតអាចចាត់ទុកការនាំចូលដោយគ្មានការអនុញ្ញាតថាជាការរំលោភបំពាន ប៉ុន្តែតម្រូវឱ្យអនុវត្ត តាមផ្លូវតុលាការ ឬយន្តការច្បាប់ដោយឡែក។.
សិទ្ធិលើពាណិជ្ជនាម ការសម្ងាត់ពាណិជ្ជកម្ម និងគំនូរប្លង់នៃសៀគ្វីរួមបញ្ចូលគ្នា ក៏អាចពាក់ព័ន្ធនឹងសកម្មភាពឆ្លងកាត់មាត់ច្រកព្រំដែនផងដែរ។ ប៉ុន្ដែការអនុវត្តចំពោះករណីទាំងនេះ គឺអាស្រ័យលើសកម្មភាពជាក់ស្ដែង និងច្បាប់ជាធរមាន ដែលប្រទេសកម្ពុជាមិនទាន់មានការកំណត់ជាផ្លូវការនៅឡើយ។
៣. ការចាប់ផ្តើមអនុវត្តនីតិវិធីតាមមាត់ច្រកព្រំដែន
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅតែជាអាជ្ញាធរសំខាន់នៅតាមមាត់ច្រកព្រំដែន ដែលមានតួនាទីគ្រប់គ្រង និងត្រួតពិនិត្យទំនិញនាំចូល និងនាំចេញ។ អនុក្រឹត្យលេខ ៦៤ ក៏កំណត់អាជ្ញាធរមានសមត្ថកិច្ចផ្សេងទៀត ក្នុងការចាត់វិធានការតាមមាត់ច្រកព្រំដែន អាស្រ័យទៅតាមប្រភេទសិទ្ធិកម្មសិទ្ធិបញ្ញាជាក់ស្តែង។
លំហូរនីតិវិធីជាទូទៅ
ក្នុងការផ្ទៀងផ្ទាត់ទំនិញ អាជ្ញាធរអាចពិនិត្យឯកសារចុះបញ្ជី ព័ត៌មាន ឬសំណាកទំនិញពិត ស្លាក និងសំបកវេចខ្ចប់ លេខស៊េរី ឬលេខសម្គាល់ផលិតផល សញ្ញាសុវត្ថិភាព និងព័ត៌មានពាក់ព័ន្ធនឹងការដឹកជញ្ជូន។ ព័ត៌មានទាំងនេះមានគោលបំណងជួយឱ្យអាជ្ញាធរពិនិត្យជាបឋមថា ទំនិញនោះអាចពាក់ព័ន្ធនឹងការរំលោភបំពានដែរឬទេ ប៉ុន្តែមិនមែនជាការសម្រេចចុងក្រោយថា មានការរំលោភបំពាននោះទេ។
ស្ថាប័នជំនាញដែលមានសមត្ថកិច្ចផ្ទៀងផ្ទាត់កម្មសិទ្ធិ ការចុះបញ្ជី ឬវិសាលភាពនៃការការពារ រួមមាន៖
- ក្រសួងពាណិជ្ជកម្ម៖ សម្រាប់ម៉ាក និងម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ
- ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ៖ សម្រាប់សិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល
- ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍៖ សម្រាប់ប្រកាសនីយបត្រតក្កកម្ម, ម៉ូឌែលមានប្រយោជន៍, គំនូរ-រចនាឧស្សាហកម្ម និងសិទ្ធិអ្នកបង្កើតពូជដំណាំ
- ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៖ ពាក់ព័ន្ធនឹងការគ្រប់គ្រងគ្រាប់ពូជ និងការត្រួតពិនិត្យការនាំចូល-នាំចេញ