សិក្ខាសាលាពិគ្រោះយោបល់ស្តីពី «ការរៀបចំសេចក្តីព្រាងវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងពូជដំណាំ និងសិទ្ធិអ្នកបង្កាត់ពូជដំណាំ ស្របតាមស្តង់ដាអន្តរជាតិ និងការសិក្សាវាយតម្លៃផលប៉ះពាល់លិខិតបទដ្ឋានគតិយុត្ត»

You are currently viewing Workshop on the Preparation of Draft Amendments to the Law on Seed Management and Plant Breeders’ Rights in Alignment with International Standards and the Regulatory Impact Assessment.

ថ្ងៃអង្គារ ១រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦

សមាគមលើកកម្ពស់ពាណិជ្ជកម្មកម្មសិទ្ធិបញ្ញា (ស.ក.ព.ក) មានកិត្តិយសសូមគោរពជម្រាបជូន ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកាទាំងអស់នៃសមាគម មេត្តាជ្រាបថា លោកស្រី កែវ ឡាំងចេង ប្រធានសមាគម លោក សាន សុភ័ក្រ អនុប្រធាន និងសហការី បានអញ្ជើញចូលរួមក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្តីពី «ការរៀបចំសេចក្តីព្រាងវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងពូជដំណាំ និងសិទ្ធិអ្នកបង្កាត់ពូជដំណាំ ស្របតាមស្តង់ដាអន្តរជាតិ និងការសិក្សាវាយតម្លៃផលប៉ះពាល់លិខិតបទដ្ឋានគតិយុត្ត» ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ៨:១៥ នាទីព្រឹក នៅសាលប្រជុំអង្គរវត្ត ជាន់ទី៩ អគារ ចម ប្រសិទ្ធ ទីស្តីការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

សិក្ខាសាលានេះមានគោលបំណងពិគ្រោះយោបល់ និងប្រមូលធាតុចូលពីភាគីពាក់ព័ន្ធ ដើម្បីគាំទ្រដល់ការរៀបចំសេចក្តីព្រាងវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងពូជដំណាំ និងសិទ្ធិអ្នកបង្កាត់ពូជដំណាំ សំដៅពង្រឹងក្របខណ្ឌគតិយុត្តសម្រាប់ការការពារសិទ្ធិអ្នកបង្កាត់ពូជដំណាំថ្មី និងលើកកម្ពស់ការស្រាវជ្រាវ ការអភិវឌ្ឍ និងនវានុវត្តន៍ក្នុងវិស័យកសិកម្ម។ កិច្ចពិភាក្សាក៏ផ្តោតលើការសិក្សាអំពីការធ្វើសុខដុមនីយកម្មក្របខណ្ឌច្បាប់ជាតិជាមួយស្តង់ដាអន្តរជាតិ រួមទាំងគោលការណ៍របស់សហភាពអន្តរជាតិសម្រាប់ការការពារពូជដំណាំថ្មី (UPOV) និងការវាយតម្លៃផលប៉ះពាល់នៃការកែសម្រួលច្បាប់នេះ។

តាមរយៈការចូលរួមក្នុងសិក្ខាសាលានេះ សមាគមលើកកម្ពស់ពាណិជ្ជកម្មកម្មសិទ្ធិបញ្ញា (ស.ក.ព.ក) បន្តបង្ហាញពីការប្តេជ្ញាចិត្តក្នុងការចូលរួមលើកកម្ពស់ និងពង្រឹងប្រព័ន្ធកម្មសិទ្ធិបញ្ញានៅកម្ពុជា ជាពិសេសការការពារសិទ្ធិអ្នកបង្កាត់ពូជដំណាំថ្មី ការជំរុញនវានុវត្តន៍ និងការគាំទ្រដល់ការអភិវឌ្ឍក្របខណ្ឌគតិយុត្តដែលស្របតាមស្តង់ដាអន្តរជាតិ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព។