ទីក្រុងឆុងឈីង សាធារណរដ្ឋប្រជាមានិតចិន៖ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ - សមាគមលើកកម្ពស់ពាណិជ្ជកម្មកម្មសិទ្ធិបញ្ញា (PIPTA) បានចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុន Great Road International Consulting Group។ អនុស្សរណៈនៃការយោគយល់គ្នានេះ គោលបំណងបង្កើតអោយមានកិច្ចសហប្រតិបត្តិការរវាងគូភាគី លើការជម្រុញការលើកកម្ពស់វិស័យកម្មសិទ្ធិបញ្ញា រវាងប្រទេសចិន និងកម្ពុជា
តាមរយៈអនុស្សរណៈនេះ ភាគីទាំងពីរប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗជាច្រើនដូចជា ការការពារកម្មសិទ្ធិបញ្ញាឆ្លងប្រទេស ការកសាងវេទិកាពាណិជ្ជកម្មរួមគ្នា និងការផ្តល់ប្រឹក្សាលើការបង្កើតថ្មីជូនសហគ្រាស ដោយរួមគ្នាជម្រុញកិច្ចការបង្កើនតម្លៃកម្មសិទ្ធិបញ្ញារបស់សហគ្រាសចិន និងកម្ពុជា នៅក្នុងទីផ្សារក្នុងតំបន់។ នៅក្នុងពិធីចុះហត្ថលេខានេះ លោក Yang Ruonan លេខាប្រធានក្រុមប្រឹក្សាភិបាល បានតំណាងចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការក្នុងនាមក្រុមហ៊ុន Great Road International Consulting Group ជាមួយលោកស្រី កែវ ឡាំងចេង ប្រធានសមាគម PIPTA
ក្នុងឱកាសនេះ លោកស្រីប្រធានសមាគម ក៏បានណែនាំពីបេសកកម្ម និងសមិទ្ធិផលរបស់ PIPTA ដោយចង្អុលបង្ហាញថា PIPTA មានបំណងចូលរួមលើកកម្ពស់ការធ្វើពាណិជ្ជកម្មកម្មសិទ្ធិបញ្ញានៅកម្ពុជា និងការផ្សព្វផ្សាយច្បាប់ គោលនយោបាយជាតិ និងលិខិតបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធនឹងកម្មសិទ្ធិបញ្ញា។ លោក Yang Ruonan បានមានប្រសាសន៍ថា “កិច្ចសហប្រតិបត្តិការនេះ គឺជាជំហានដ៏សំខាន់មួយសម្រាប់ពង្រីកវត្តមានរបស់ខ្លួននៅក្នុងទីផ្សារអាស៊ាន និងការធ្វើឱ្យកាន់តែមានប្រសិទ្ធភាពនូវសេវាកម្មពាក់ព័ន្ធនឹងកម្មកម្មសិទ្ធិបញ្ញាលើទីផ្សាអន្តរជាតិ“
នៅពេលអនាគត ភាគីទាំងពីរនឹងពង្រឹងកិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់ តាមរយៈការស្រាវជ្រាវរួមគ្នា ការបង្កើតគម្រោង និងជួយផ្សព្វផ្សាយម៉ាកយីហោ ដើម្បីរួមចំណែកជម្រុញកិច្ចសហប្រតិបត្តការកម្ពុជា-ចិន ក្នុងក្របខណ្ឌ "ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ"

